Xbox បានចាប់ដៃជាមួយ Gucci បានឌីហ្សាញម៉ូតរបស់ Xbox Series X ដើម្បីអបអរគំរប់ខួប 20 ឆ្នាំនៃម៉ាស៊ីនហ្គេម Xbox របស់ខ្លួននោះ ។ Gucci ដែលជាយីហោផ្នែក Fashion ដ៏ល្បីមួយបានសហការគ្នាជាមួយ Microsoft ដើម្បីបញ្ចេញ Xbox Series X ជាប្រភេទ Limited Edition មួយដែលត្រូវបានរចនាម៉ូតដោយ Gucci ផ្ទាល់ទៀតផង ។ Xbox Series X ដែលត្រូវបានឌីហ្សាញម៉ូតខាងក្រៅដោយ Gucci នោះនិងត្រូវបានគេដាក់លក់ក្នុងតម្លៃដល់ទៅ 10,000 ដុល្លារឯណោះ ហើយស្ថិតក្នុងចំនួនមានកំណត់ ។

ដូចយើងបានឃើញអញ្ចឹង ទាំងនៅលើដៃហ្គេម ម៉ាស៊ីនហ្គេម និងប្រអប់របស់វា គឺសុទ្ធតែត្រូវបានឌីហ្សាញម៉ូតតាមស្ទីល Gucci ទាំងអស់តែម្ដង ជាក់ស្ដែងលើម៉ាស៊ីនហ្គេម គឺមានស្ទីលបែបក្រឡាជាមួយនិមិត្តសញ្ញាអក្សរ G ខណៈពេលនៅដៃហ្គេមវិញ វាមានពណ៌ខ្មៅលាយជាមួយពណ៌ក្រហម និងខៀវ ក៏ដូចជាមាន Logo Gucci នៅលើនោះដូចគ្នា។

ទៅមើលប្រអប់ធំសម្រាប់ដាក់ទាំងម៉ាស៊ីនហ្គេម និងដៃហ្គេមនោះវិញ គឺមានរូបរាង និងសាច់ក្រណាត់ជាវ៉ាលីតែម្ដង បន្ថែមពីនេះយើងក៏ឃើញមានឆ្នូតពណ៌ក្រហមលាយខៀវ ដូចនៅលើដៃហ្គេម និងក្រឡាជាមួយអក្សរ G ដូចនៅលើតួខ្លួនម៉ាស៊ីនហ្គេមអញ្ចឹងដែរ។

គួរបញ្ជាក់ដែរថា ម៉ាស៊ីនហ្គេម Xbox Series X Gucci បែបប្រណីតនេះ គឺនឹងត្រូវផលិតតែត្រឹម 100 ឈុតប៉ុណ្ណោះ ដោយក្នុងឈុតនោះដូចបានឃើញស្រាប់ អ្នកទិញនឹងទទួលបានដៃហ្គេមចំនួន 2 និងម៉ាស៊ីនហ្គេមមួយ ត្រូវបានដាក់ក្នុងវ៉ាលី Gucci តែមួយនោះឯង។ Gucci នឹងចាប់ផ្តើមដាក់លក់ម៉ាស៊ីនហ្គេមខាងលើ ចាប់ផ្តើមពីថ្ងៃទី 17 ខែវិច្ឆិកានេះទៅ ជាមួយតម្លៃដូចបានប្រាប់ម្ដងហើយ ដល់ទៅ 10,000 ដុល្លារឯណោះ ឃើញថាថ្លៃជាងតម្លៃដើមឆ្ងាយមែនទែន ដោយត្រូវបាន Microsoft ដាក់លក់ខ្ទង់ 500 ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារស្រុកគេ ។