Sony បានទើបប្រកាសប្រាប់ថា នឹងទម្លាក់កំណែអាប់ដេតថ្មីមួយ សម្រាប់អ្នកប្រើប្រាស់ PlayStation 5 ដោយកំណែអាប់ដេតថ្មីនោះ គឺបានដាក់បញ្ចូលមុខងារថ្មីៗជាច្រើនដែរ ជួយឲ្យបទពិសោធន៍ប្រើប្រាស់ម៉ាស៊ីនហ្គេមរបស់គេ កាន់តែងាយស្រួលថែមទៀត។

ចំណុចសំខាន់ជាងគេ នៅក្នុងកំណែអាប់ដេតសាកល្បងថ្មីនោះគឺ Sony បានដាក់បញ្ចូលមុខងារបញ្ជាដោយសម្លេង “Hey PlayStation” ដែលអនុញ្ញាតឲ្យធ្វើការប្រើសម្លេងដើម្បីស្វែងរកហ្គេម, កម្មវិធី, Setting ផ្សេងៗ ក៏ដូចជាធ្វើការគ្រប់គ្រង Playback ពេលមើលវីដេអូ ឬក៏ស្ដាប់តន្ត្រីជាដើម។ Sony ក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចូលទៅបិទមុខងារបញ្ជាសម្លេងនេះបានដែរ ក្នុងករណីអ្នកមិនចង់ប្រើប្រាស់វា។

មុខងារបញ្ជាសម្លេងនោះ គឺអាចដំណើរការបានជាមួយភាសាអង់គ្លេស ហើយក៏គួរឲ្យស្ដាយដែរ ដោយដំណាក់កាលដាក់ឲ្យសាកល្បងប្រើប្រាស់ដំបូងនេះគឺ Sony អនុញ្ញាតឲ្យតែគណនីណា បានចុះឈ្មោះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសប៉ុណ្ណោះ។

ក្រៅពីនេះ Sony ក៏បានដាក់បញ្ចូលមុខងារសំខាន់ផ្សេងៗទៀតដូចជា មុខងារធ្វើឲ្យកាសបញ្ចេញសម្លេងបែប Mono Sound សម្រាប់អ្នកប្រើប្រាស់ទាំងឡាយ ដែលមានបញ្ហាលើការស្ដាប់។ លើកនេះ Voice Chats ត្រូវបាន Sony ហៅថា Parties ហើយអ្នកលេងអាចធ្វើការជ្រើសរើសជា Open ឬ Private បាន ជាក់ស្ដែងបើ Open មានន័យថា មិត្តភ័ក្តរបស់អ្នកអាចចូលរួមបាន ដោយមិនចាំបាច់ Invite នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានមុខងារសំខាន់ៗមួយចំនួនទៀតដូចជា អនុញ្ញាតឲ្យអ្នកដាក់ហ្គេមបានដល់ទៅ 5 នៅលើ Home Screen ជាដើម។