យប់មិញនេះ Sony បានប្រកាសចេញដំណឹងសំខាន់ៗជាច្រើន នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ June 2022 State of Play របស់គេ ដោយក្នុងនោះ ព័ត៌មានដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុតគឺ គេនឹងនាំយកហ្គេម Spider-Man ដែលធ្លាប់តែមានលើម៉ាស៊ីនហ្គេម Play Station ចំនួនពីរទៀត មកកាន់ PC ដែរ។

មិនខុសទេ Sony បានបញ្ជាក់យ៉ាងច្បាស់ថា ហ្គេម Marvel’s Spider-Man: Remaster មកពីក្រុមហ៊ុនផលិតហ្គេម Insomniac Games នោះ នឹងមកដល់នៅលើ PC នៅក្នុងថ្ងៃទី 12 ខែសីហា ឆ្នាំ 2022 ខាងមុខនេះ។ យ៉ាងណាក្រុមហ៊ុនគេនៅមិនទាន់បានបញ្ជាក់ទាក់ទងនឹងតម្លៃ ដែលគ្រោងនឹងដាក់លក់ហ្គេមនេះនៅឡើយទេ ប៉ុន្តែមិនខុសពីហ្គេមដែល Sony នាំយកមក PC មុនៗឡើយ ដោយនឹងមានដាក់លក់នៅលើ Steam និង Epic Games Store។

មិនត្រឹមតែប៉ុណ្ណឹងទេ Insomniac Games ក៏បានបញ្ជាក់បន្ថែមទៀតដែរថា Marvel’s Spider-Man: Miles Morales ក៏នឹងមកដល់ PC ដូចគ្នាដែរ ពោលគឺនៅចុងឆ្នាំនេះតែម្ដង ដោយពេលវេលាចេញ អាចស្ថិតក្នុងអំឡុងខែកញ្ញា ដល់ខែធ្នូខាងមុខ។

ការនាំយកហ្គេម Spider-Man ទាំងពីរខាងលើមកកាន់ PC នឹងជួយធ្វើឲ្យ Sony កាន់ទទួលបានជោគជ័យបន្ថែមពីលើការដាក់លក់សម្រាប់ម៉ាស៊ីន Play Station ប៉ុន្មានឆ្នាំមកនេះទៀត ហើយហ្គេមទាំងពីរ នឹងមកចូលរួមហ្គេមដែល Sony ធ្លាប់នាំយកកន្លងមកដូចជា God of War, Day Gone និង Horizon Zero Dawn ផងដែរ។