ដុំ SSD ត្រកូល T7 របស់ Samsung ទើបនឹងទទួលបានម៉ូឌែលថ្មីហើយ ជាមួយនឹងតួខ្លួនកាន់តែមាំ រហូតដល់អាចធ្លាក់ពីកម្ពស់ 3 ម៉ែត្របាន ដោយមិនធ្វើឲ្យវាខូចនោះទេ។ វាមានទំហំតូចល្មម 88 x 59 x 13 មីលីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 98 ក្រាមប៉ុណ្ណោះ។

វាមានឈ្មោះហៅថា T7 Shield ជាមួយនឹងជម្រើសពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ត្នោតខ្ចី(ស្រដៀងទឹកដោះគោ) ហើយមានជម្រើសទំហំ 1TB តម្លៃខ្ទង់ 160 ដុល្លារ និងជម្រើសទំហំ 2TB តម្លៃខ្ទង់ 290 ដុល្លារ។ Samsung បានប្រកាសប្រាប់ថា វាមានភ្ចាប់មកជាមួយរន្ធ USB C 3.2 Gen2 លឿនជាងគេ ជាមួយល្បឿន Read/Write ឡើងរហូតដល់ 1,050MB/s និង 1,000MB/s ផងដែរ។ ក្រៅពីមានតួខ្លួនអាលុយមីញ៉ូម និងការពារដោយជ័រនៅពីខាងក្រៅដ៏រឹងមាំហើយ វាក៏មានអាវការពារទឹកនិងធូលីកម្រិត IP65 ថែមទៀតផង។

ដូច្នេះ SSD ម៉ូឌែល T7 Shield នេះ កំពុងតែដាក់លក់ជាផ្លូវការហើយ និងអាចមកដល់ទីផ្សារស្រុកយើង នៅក្នុងពេលខាងមុខនេះដូចគ្នា។ ចំណែកឯតម្លៃវិញ ក៏អាចនឹងប្រែប្រួលផងដែរ ដោយគិតទាំងថ្លៃពន្ធ ក៏ដូចជាថ្លៃដឹកជញ្ជូន ជាដើម។