Microsoft ធ្លាប់បានប្រកាសជាផ្លូវការហើយថា ពួកគេនឹងដាក់ឲ្យ Windows 10 ឈប់គាំទ្រជាមួយ Internet Explorer តទៅទៀត ចាប់ពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2022 ទៅហើយ។ ដូច្នេះនេះជាថ្ងៃដែលការកំណត់របស់ Microsoft មកដល់ហើយ ហេតុនេះអ្នកដែលនៅតែនិយមប្រើប្រាស់ Internet Explorer អាចពិចារណាទៅលើ Browser ផ្សេងបាន។

មិនខុសទេ ដំណឹងនេះគឺមានន័យថា អ្នកប្រើប្រាស់ Windows 10 នឹងលែងអាចប្រើប្រាស់ Internet Explorer បានតទៅទៀតហើយ ដោយពេលបើក Browser មួយនេះ វានឹងធ្វើការផ្លាស់ប្តូរទៅ Microsoft Edge ជំនួសវិញ។ ដូច្នេះហើយ សម្រាប់អ្នកដែលចង់ប្រើ Browser របស់ Microsoft ពេលនេះគឺមានតែជម្រើស Edge មួយប៉ុណ្ណោះ ឬបើពុំដូច្នោះទេ អ្នកអាចពិចារណាទៅលើ Browser ល្បីៗផ្សេងទៀតដូចជា Chrome ឬ Monzilla Firefox បាន។

ចាប់តាំងពីឆ្នាំមុនមកម្លេះ ដែល Microsoft ចាប់ផ្តើមបញ្ចប់ជីវិត Internet Explorer ជាក់ស្ដែងគេបញ្ជាក់ថា អនាគតរបស់ Browser មួយនេះគឺជា Edge ហ្នឹងឯង ដោយវាមិនត្រឹមតែមានល្បឿនលឿនជាងនោះទេ តែវាក៏មានសុវត្ថិភាពខ្ពស់ជាង ក៏ដូចជាផ្តល់បទពិសោធន៍ Browsing បែបទំនើបជាងផងដែរ។

គួរបញ្ជាក់ថា Internet Explorer ត្រូវបានប្រកាសចេញដំបូងតាំងពីជំនាន់ Windows 95 មកម្លេះ និងធ្លាប់ទទួលបានជោគជ័យច្រើន ជាក់ស្ដែងក្នុងចំណោម Browser ទាំងអស់ IE មានចំនួនអ្នកប្រើប្រាស់ដល់ទៅ 95% ឯណោះកាលពីឆ្នាំ 2003 កន្លងងទៅ។