MacBook Air ជំនាន់ថ្មីពិតជាបង្ហាញក្នុងព្រឹត្តិការណ៍ WWDC ដែល Apple ប្រកាសចេញយប់មិញមែន ដោយក្នុងនោះឃើញថា វាទទួលបានការឌីហ្សាញថ្មីទាំងស្រុង មិនថារូបរាងខាងក្រៅ ឬអេក្រង់ខាងមុខនោះទេ ដោយលើកនេះកាត់មករក MacBook Pro 14 និង 16 អ៊ីញច្រើនវិញ។

ចំណុចចាប់អារម្មណ៍ជាងគេនៅលើ MacBook Air ថ្មីនេះ គឺវាទទួលបានការឌីហ្សាញរាងប្រអប់ជ្រុងស្មើជាងមុន និងមានកម្រាស់ស្ដើងត្រឹម 11mm ជាមួយទម្ងន់ស្រាលត្រឹម 1.22kg ប៉ុណ្ណោះ។ នៅខាងមុខវាទទួលបានអេក្រង់ ដែលមានគែម Bezel ខ្លីជាងមុន និងមានឆកនៅខាងលើស្រដៀង MacBook Pro 14/16 ដែរ។ ជាមួយការឌីហ្សាញឆកនេះ ធ្វើឲ្យ Apple ពង្រីកអេក្រង់បន្ថែមទៅលើបន្តិចទៀត ដែលធ្វើឲ្យ MacBook Air ថ្មីមានអេក្រង់ដល់ 13.6 អ៊ីញ កម្រិតបង្ហាញ 2560 x 1664 ភិចសែល ជាប្រភេទ 10-bit Color និងមានកម្រិតពន្លឺឡើងខ្ពស់បំផុតបាន 500 nits។

លើកនេះវាពិតជាទទួលបានឈីបថ្មី M2 មកមែន ដោយសម្រាប់ម៉ូឌែលចាប់ផ្តើម ឈីបនេះមានបំពាក់ CPU 8 Cores និង GPU 8 Cores ជាមួយរ៉េម 8GB និងអង្គផ្ទុក 256GB ហើយបើអ្នកទិញចង់បាន GPU ខ្លាំងជាងនេះ Apple ផ្តល់ជម្រើសមួយទៀតដែលមានដល់ 10 Cores និងអង្គផ្ទុកឡើងដល់ 512GB ផងដែរ។ យ៉ាងណា Apple ក៏អនុញ្ញាតឲ្យអ្នកទិញធ្វើការជ្រើសរើសរ៉េម និងអង្គផ្ទុកបានបន្ថែមពីលើជម្រើសដើមនោះទៀត ជាក់ស្ដែងអ្នកប្រើអាចជ្រើសរើសរ៉េមបានដល់ 24GB និងអង្គផ្ទុកឡើងដល់ 2TB តែម្ដងបានដូចគ្នា។

ក្រៅពីនេះ MacBook Air ជំនាន់ថ្មី មានកាមេរ៉ា 1080p មួយគ្រាប់ ហើយឧបករណ៍ស្រូបសម្លេង និង Speaker 4 គ្រាប់របស់វាលើកនេះ ក៏គាំទ្រជាមួយ Dolby Atmos ផងដែរ។ នៅក្នុងប្រអប់មកស្រាប់ Apple បានដាក់ដុំសាកកម្លាំង 30W មកឲ្យ ប៉ុន្តែបើចង់បានលឿនជាងនេះ Apple ដាក់លក់ដុំសាកកម្លាំង 67W ថ្មី តម្លៃ 59 ដុល្លារ។ សម្រាប់តម្លៃរបស់ MacBook Air លើកនេះ Apple ដាក់លក់នៅក្នុងសហរដ្ឋអាមេរិកចាប់ផ្តើមឡើងពី 1,199 ដុល្លារឡើងទៅ ខណៈម៉ូឌែលចាស់ដែលប្រើឈីប M1 នោះនៅបន្តលក់តម្លៃចាប់ផ្តើមពី 999 ដុល្លារដដែល។

MacBook Pro 13 អ៊ីញ ក៏ទទួលបានឈីប M2 ថ្មីដែរ ប៉ុន្តែវាមានការឌីហ្សាញដូចជំនាន់មុនទាំងស្រុង និងមានតម្លៃចាប់ផ្តើមពី 1,399 ដុល្លារ។