ថ្មីៗនេះ KOOMPI ដែលជាយីហោកុំព្យូទ័រក្នុងប្រទេសកម្ពុជាយើង បានប្រកាសចេញកុំព្យូទ័រយួរដៃម៉ូឌែលថ្មីមួយទៀតមានឈ្មោះថា KOOMPI Pro ជាកុំព្យូទ័រមួយ ភ្ជាប់លក្ខណៈសម្បត្តិខ្ពស់ៗជាលើកដំបូងហើយ សម្រាប់យីហោមួយនេះ។ ទៅលើការឌីហ្សាញរូបរាង KOOMPI បង្ហាញឲ្យឃើញមិនសូវច្រើនទេ មិនថាក្នុងវេបសាយ ឬ Poster របស់គេឡើយ ដោយភាគច្រើនបង្ហាញតែផ្នែកខាងមុខប៉ុណ្ណោះ។

KOOMPI Pro មានបំពាក់អេក្រង់ទំហំ 15.6 អ៊ីញ ជាប្រភេទ IPS Display មានកម្រិតបង្ហាញ 4K (3840 x 2160 ភិចសែល) ។ សម្រាប់កម្លាំងម៉ាស៊ីន កុំព្យូទ័រម៉ូឌែលថ្មី មានបំពាក់មកដល់ CPU Ryzen 9 5900HX របស់ AMD ទៀតផង ជាមួយគ្នានឹង GPU មកស្រាប់ជាប្រភេទ Radeon RX Vega 8។ ទន្ទឹមគ្នានេះ វាក៏បានបំពាក់មកជាមួយរ៉េមទំហំ 16GB ជាមួយអង្គផ្ទុកទិន្នន័យ 512GB ជាប្រភេទ NVME M.2 SSD ស្រាប់តែម្ដង។

សម្រាប់ថាមពលថ្មវិញ KOOMPI អះអាងថា KOOMPI Pro មានថាមពលថ្មអាចប្រើប្រាស់បានដល់ 8 ម៉ោង ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់ទេថា ជាការប្រើប្រាស់ប្រភេទណា ប៉ុន្តែបញ្ជាក់ទៅលើការសាកថ្មវិញ ដោយក្នុងការសាកមួយពេញ វាចំណាយពេលខ្ទង់ 2 ម៉ោង។ សម្រាប់ផត I/O ដែលភ្ជាប់មកឃើញមានដូចជារន្ធ USB Type-C ចំនួន 2, រន្ធ USB-A 3.0 ចំនួន 1, USB-A 2.0 ចំនួន 1 និងចុងក្រោយជារន្ធដោតកាសផងដែរ។

KOOMPI Pro នៅតែដំណើរការដោយ KOOMPI OS មិនខុសពីកុំព្យូទ័ររបស់គេរាល់ដងទេ ហើយសម្រាប់តម្លៃវិញ KOOMPI បានដាក់លក់ 950 ដុល្លារ ប៉ុន្តែសម្រាប់ការបើកកក់ដំបូងនាពេលបច្ចុប្បន្ននេះ អ្នកទិញនឹងទទួលបានការបញ្ចុះតម្លៃមកត្រឹម 850 ដុល្លារវិញ។

ប្រភព ៖ KOOMPI