ការទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ របស់ Elon Musk តាមពិតទៅ ក្នុងនោះមានចំណែកវិនិយោគពី ទីផ្សារគ្រីបតូដ៏ធំជាងគេ Binance ដោយចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ។ ហើយក្រៅពីនេះ គឺនៅមានបណ្ដាសហវិនិយោគ ១៩ ផ្សេងទៀត សរុបទឹកប្រាក់ទាំងអស់ស្មើនឹង ៧,១ ពាន់លានដុល្លារ។

នេះបើងយោងទៅតាម ឯកសាររបស់គណៈកម្មការមូលបត្រអាមេរិក (SEC) ចេញផ្សាយកាលពី ថ្ងៃព្រហស្បតិ៍។

ជុំវិញការចូលរួមពីវិស័យគ្រីបតូ មកកាន់បណ្ដាញសង្គមដ៏ល្បី Twitter លោក Changpeng Zhao ជានាយកប្រតិបត្តិ និងស្ថាបនិក Binance បាននិយាយថា “យើងសង្ឃឹមថា នឹងអាចដើរតួនាទីមួយក្នុងការនាំយកប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹង web3 រួមគ្នា រួមទាំងពង្រីកការប្រើប្រាស់ និងការទទួលយកបច្ចេកវិទ្យា crypto និង blockchain ផងដែរ។”

គួរបញ្ជាក់ថា Binance មិនត្រឹមបញ្ជ្រាបខ្លួនចូលទៅកាន់ Social Network ប៉ុណ្ណោះទេ កន្លងមកក្រុមហ៊ុននេះក៏ជ្រៀតចូលទៅក្នុងផ្នែកសារព័ត៌មានផងដែរ ត្បិតបានវិនិយោគទឹកប្រាក់ ២០០លានដុល្លារ ក្នុងទស្សនាវដ្តី Forbes ខណៈ Forbes ធ្លាប់សរសេរចោទប្រកាន់ Binance លើប្រធានបទពីការប៉ុនប៉ង បញ្ជោត (deceive) និងប្រធានបទផ្សេងៗពាក់ព័ន្ធនឹង crypto exchange។

ប៉ុន្ដែ លោក Zhao ក៏បញ្ជាក់ថា លោកនឹងធានាសេរីភាពសារព័ត៌មាន នឹងមិនត្រូវបានគេបំបិទមាត់នៅកន្លែងទាំងអស់ ជាងនេះទៅទៀត ការចេញផ្សាយដោយ Forbes នឹងបន្តមានឯករាជ្យដោយយុត្តិធម៌៕