ASUS ទើបប្រកាសចេញកុំព្យូទ័រយួរដៃម៉ូឌែលថ្មី មានឈ្មោះថា Vivobook Pro 15 OLED (K3500) ដែលត្រូវបានគេឌីហ្សាញរូបរាងថ្មី និងមានបំពាក់មកជាមួយលក្ខណៈសម្បត្តិសាកសកសម្រាប់ Creator ជំនាន់ថ្មី។

Vivobook Pro 15 OLED (K3500) បានបំពាក់មកជាមួយអេក្រង់ OLED មានកម្រិតបង្ហាញដល់ 2.8K និងជាប្រភេទសមាមាត្រ 16:10 ទៀតផង ដែលផ្តល់ឲ្យផ្ទៃបង្ហាញកាន់តែទូលាយសម្រាប់ការងារផ្សេងៗ។ អេក្រង់នេះមានកម្រិតពន្លឺខ្ពស់ឡើងដល់ទៅ 600nits និងលាតពេញផ្ទៃមុខបាន 84% ហើយទៅលើការបង្ហាញទឹកពណ៌វិញ វាគាំទ្រ DCI-P3 បាន 100% ពេញ ក៏ដូចជាអាចបង្ហាញទឹកពណ៌បានត្រឹមត្រូវបញ្ជាក់ដោយ PANTONE Validated ផងដែរ។

កុំព្យូទ័រយួរដៃថ្មីខាងលើ បានប្រើប្រាស់ CPU ជំនាន់ទី 11 Intel H Series ជាមួយគ្នានឹងក្រាហ្វិកកាតជាប្រភេទ GeForce GTX 1650 របស់ NVIDIA អមមកនូវរ៉េមទំហំ 8GB ក៏ដូចជាអង្គផ្ទុកប្រភេទ SSD ទំហំ 512GB។

Vivobook Pro 15 OLED មានការឌីហ្សាញ Logo ASUS នៅលើខ្នងខាងក្រោយបែប 3D ថ្មី ជាមួយជម្រើសពណ៌ពីរប្រភេទដែល ASUS ហៅថា Quiet Blue និង Cool Silver។ បន្ថែមពីនេះវាក៏មានបំពាក់មកជាមួយកាមេរ៉ា ដែលមានសន្ទះបាំង អាចឲ្យអ្នកប្រើប្រាស់ធ្វើការអូសមកបាំងកាមេរ៉ា ដើម្បីការពារឯកជនភាពរបស់ពួកគេបានងាយស្រួល នៅពេលណាដែលពួកគេត្រូវការ។ ទន្ទឹមគ្នានេះ វាក៏មានសេនស័រស្កេនស្នាមម្រាមដៃនៅលើប៊ូតុង​ Power មកដែរ ជួយឲ្យការដោះសោកាន់តែរហ័ស ដោយមិនចាំបាច់បញ្ចូលពាក្យសម្ងាត់។

នៅក្នុងពេលនេះ ASUS Vivobook Pro 15 OLED បានបង្ហាញខ្លួនក្នុងប្រទេសយើងហើយ និងត្រូវបានដាក់លក់ចាប់ផ្តើមពី 829 ដុល្លារឡើងទៅ នៅតាមបណ្ដាហាងចែកចាយរបស់ ASUS នានា។