ថ្មីៗនេះ Apple បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុនឈីប Startup មួយ ដែលមានឈ្មោះថា Rivos ដោយចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានលួចទិន្នន័យរបស់គេ តាមរយៈអតីតបុគ្គលដែលធ្លាប់ធ្វើការផ្នែកឌីហ្សាញឈីបនៅ Apple។

Apple បានចោទប្រកាន់ថា យ៉ាងហោចណាស់មានអតីតបុគ្គលិករបស់ខ្លួនចំនួនពីរនាក់ ដែលបានចាកចេញពីក្រុមហ៊ុន ជាមួយគ្នានឹងការលួចយកទិន្នន័យសម្ងាត់របស់ Apple ទំហំខ្ទង់ Gigabytes យកទៅឲ្យផ្តល់ឲ្យក្រុមហ៊ុនថ្មីឈ្មោះថា Rivos នោះ។ នៅក្នុងនោះដែរ គេរំពឹងថា បុគ្គលដែលបានលួចយកទិន្នន័យនោះ ក៏យកបានដោយទាំងឯកសារសម្រាប់ធ្វើបទបង្ហាញ ទាក់ទងនឹងទៅនឹងការឌីហ្សាញឈីប ដែលមិនទាន់ត្រូវបាន Apple ប្រកាសចេញផ្លូវការទៀតផង។

ទន្ទឹមគ្នានេះ Apple ជឿជាក់ថា Rivos ជាអ្នកណែនាំឲ្យបុគ្គលិកមួយចំនួនរបស់ខ្លួន ធ្វើសកម្មភាពតាមរយៈការប្រើប្រាស់កម្មវិធីផ្ញើសារមានការ Encrypted ហើយអតីតបុគ្គលិករបស់ខ្លួន ដែលបានលួចយកទិន្នន័យទាំងនោះ គឺទំនងជាព្យាយាមលុបទិន្នន័យចេញពីផលិតផល Apple ដែលពួកគេបានប្រើទាំងអស់ ដើម្បីបិទបាំងរឿងនេះ។

ក្នុងពាក្យបណ្ដឹង Apple បានបញ្ជាក់ថា គេគ្មានជម្រើសផ្សេងក្រៅពីការប្ដឹងនោះឡើយ ព្រោះដោយសារតែទំហំទិន្នន័យដែលត្រូវបានគេលួច ក៏ដូចជាបុគ្គលិករបស់ខ្លួនដែលកំពុងធ្វើការឲ្យក្រុមហ៊ុនប្រកួតប្រជែងនោះ កំពុងតែព្យាយាមចូលទៅកាន់រឿងសម្ងាត់មួយចំនួន ដែលមានតម្លៃបំផុតសម្រាប់ក្រុមហ៊ុនគេ។