ថ្មីៗនេះមានដំណឹងមកថា EA បានពិភាក្សាជាមួយក្រុមហ៊ុនធំៗជាច្រើន ទៅលើលទ្ធភាពនៃការលក់ក្រុមហ៊ុនរបស់ខ្លួន ដោយក្នុងចំណោមក្រុមហ៊ុនដែលគេបានពិភាក្សាជាមួយទាំងអស់ក៏មាន Apple ផងដែរ។

យ៉ាងណាមុនពេលដល់ដំណាក់កាលពិភាក្សាជាមួយ Apple, EA ត្រូវបានគេដឹងថា បានពិភាក្សាជាមួយ Disney ដែលជាជម្រើសដំបូងសម្រាប់គេ តាំងពីខែមីនាមកម្លេះ ប៉ុន្តែការពិភាក្សានោះ មិនទទួលបានជោគជ័យទេ ដោយសារតែ Disney បដិសេធការទិញ។ បន្ទាប់មក EA ក៏បានពិភាក្សាជាមួយ NBCUniversal ដែរ ហើយគ្រប់យ៉ាងដំណើរការរលូនស្ទើរតែដល់ដំណាក់កាលព្រមព្រៀងគ្នាទៅហើយ ប៉ុន្តែដោយសារតម្លៃ និងលក្ខខណ្ឌផ្សេងៗមួយចំនួនមិនត្រូវគ្នា ធ្វើឲ្យការទិញមិនអាចសម្រេចបានវិញ។

រហូតមកទល់ពេលនេះ Apple ត្រូវបានគេដឹងថា ជាក្រុមហ៊ុនបន្ទាប់ដែលកំពុងចចារជាមួយ EA ហើយក្នុងនោះ Apple ក៏បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទិញយកក្រុមហ៊ុនហ្គេមនេះដែរ ព្រោះបច្ចុប្បន្នគេក៏កំពុងតែពង្រឹងបន្ថែមលើសេវាកម្ម Gaming Apple Arcade របស់ខ្លួនដូចគ្នា។

យ៉ាងណាពេលនេះ នៅមិនទាន់មានប្រភពណាមួយដឹងទេថា ការពិភាក្សាគ្នារវាង Apple និង EA បានឈានដល់ដំណាក់កាលណាហើយ ប៉ុន្តែបើសិនជាគេព្រមព្រៀងគ្នាបានសម្រេច គឺអាចនឹងកាន់តែប្រសើរសម្រាប់ Apple ព្រោះ EA អាចជាផ្លូវជួយឲ្យ Apple នាំយកហ្គេមខ្នាតធំល្បីៗមកកាន់ឧបករណ៍របស់ខ្លួន ដើម្បីពង្រឹងបន្ថែមទៅលើ Ecosystem System របស់គេ។

គួរបញ្ជាក់ថា EA ជាក្រុមហ៊ុនបង្កើតហ្គេមដ៏ធំមួយក្នុងពិភពលោក ដោយគេមានហ្គេមល្បីៗជាច្រើនដូចជា Battlefield, Apex Legends, SimCity, FIFA, DragonAge និងហ្គេមជាច្រើនទៀត។