ធ្លាប់តែជាហ្គេមល្បីល្បាញទូទាំងប្រទេសមួយ និងមានអ្នកលេងច្រើនលើសលុប ដោយឡែកនៅពេលចុងខែមិថុនាខាងមុខនេះ ហ្គេម Rules of Survival នឹងបិទឈប់ឲ្យលេងតទៅទៀតហើយ។ អ្នកគាំទ្រទាំងអស់នឹងនៅអាចបន្ដលេងបាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2022 ខាងមុខនេះផងដែរ។

កាលពីពេលថ្មីៗនេះ ផេកហ្វេសប៊ុកផ្លូវការ Rules of Survival ប្រចាំប្រទេសយើង បានធ្វើការប្រកាសសូមអភ័យទោស​ និងថ្លែងអំណរគុណ ទៅដល់អ្នកគាំទ្រហ្គេមរបស់គេទាំងអស់ អំពីដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ។ ហេតុដូច្នេះហើយ ចាប់ពីពេលនោះតទៅ អ្នក​លេងនឹងលែងអាចចូលទៅលេងហ្គេម Rules of Survival បានទៀតនោះទេ។ ​ចំណែកឯទិន្នន័យតួអង្គក្នុងគណនីនីមួយៗ នឹងត្រូវ​បានលុបចោលទាំងអស់ដូចគ្នា។

យ៉ាងណាក៏ដោយ អ្នកលេងក៏នៅអាច​ដាក់​ពាក្យ ធ្វើការ​ស្នើសុំប្រាក់​សំណង​ ចំពោះទឹកប្រាក់ក្នុងហ្គេមដែលនៅមិនទាន់បានប្រើទាំងឡាយ ចាប់ពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2022 រហូតដល់ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2022 តែម្ដង។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបង្កើតហ្គេមមួយនេះ នៅមិនទាន់ប្រាប់ពីមូលហេតុ ដែលបណ្ដាលឲ្យបិទដំណើរការនៅឡើយទេ។

គួរឲ្យសោកស្ដាយផងដែរថា Rules of Survival ដែលធ្លាប់ជាហ្គេមដ៏ពេញនិយមមួយ ប៉ុន្ដែបែរជាត្រូវជិតដល់ថ្ងៃបិទដំណើរការទៅវិញ។ សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នា អាចចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ Rules of Survival បាន។