ថ្មីៗនេះ Apple បានផ្ញើសារទៅកាន់អ្នកអភិវឌ្ឍកម្មវិធីជាច្រើន អំពីចំណាត់ការទៅលើកម្មវិធីដែលខកខានអាប់ដេតយូររបស់ពួកគេនៅក្នុងឃ្លាំងកម្មវិធី App Store។ មិនខុសទេ Apple ព្រមានថានឹងលុបកម្មវិធីទាំងនោះចេញពី App Store បើសិនអ្នកអភិវឌ្ឍមិនបានធ្វើការអាប់ដេតកម្មវិធីរបស់ពួកគេ តាមការកំណត់របស់ Apple។

បើយោងតាមការបង្ហោះចេញពីអ្នកអភិវឌ្ឍ ឬ Developer ជាច្រើនបានឲ្យដឹងថា Apple បានផ្ញើសារមួយទៅកាន់អ្នកអភិវឌ្ឍកម្មវិធី ដោយដាក់ចំណងជើងថា App Store Improvement Notice។ នៅក្នុងសារនោះបានបញ្ជាក់ថា Apple នឹងលុបកម្មវិធីរបស់អ្នកអភិវឌ្ឍទាំងឡាយណា ដែលខកខានអាប់ដេតកម្មវិធីរបស់ពួកគេយូរឆ្នាំចេញពី App Store ហើយទុកពេលឲ្យអ្នកអភិវឌ្ឍទាំងនោះត្រឹម 30 ថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យ Submit កំណែអាប់ដេតថ្មីនៃកម្មវិធីរបស់ពួកគេ។

ជាមួយចំណាត់ការថ្មីនេះដែរ ធ្វើឲ្យអ្នកអភិវឌ្ឍជាច្រើនមិនសប្បាយចិត្តនោះទេ ព្រោះ Apple កំពុងគម្រាម ក៏ដូចជាបានលុបកម្មវិធីរបស់ពួកគេចេញពី App Store ដោយសារតែមិនបានអាប់ដេតខ្ទង់ 2 ឆ្នាំ និងអ្នកខ្លះទៀតខកខានអាប់ដេតយូរជាងនេះ ក្នុងការហេតុផលថាជាកម្មវិធីហួសកាលកំណត់ បើទោះជាកម្មវិធី ឬហ្គេមទាំងនោះនៅតែដំណើរការពេញលេញក៏ដោយ។ Apple មិនបានបញ្ជាក់ច្បាស់ទេថា​ ការរាប់បញ្ចូលកម្មវិធីផ្សេងៗថាជាកម្មវិធីហួសកាលកំណត់នោះ ផ្អែកទៅលើរយៈពេលដែលកម្មវិធីខកខានអាប់ដេត គិតចាប់ពីថ្ងៃអាប់ដេតចុងក្រោយ ឬមួយក៏ជាការព្រួយបារម្ភពីបញ្ហាគាំទ្រកម្មវិធីទាំងនោះ នៅលើកំណែអាប់ដេត iOS ជំនាន់ថ្មីៗ។