មួយរយៈខ្លីមុន Elon Musk បានទិញភាគហ៊ុន Twitter ក្នុងប្រមាណជាខ្ទង់ 9% នៃភាគហ៊ុនសរុបរបស់បណ្ដាញសង្គមមួយនេះ ហើយបានធ្វើឲ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ ប្រចាំក្រុមហ៊ុន Twitter តែម្ដង។ ប៉ុន្តែពេលថ្មីៗនេះ Elon Musk មិនបញ្ឈប់ត្រឹមការគ្រប់គ្រងភាគហ៊ុនតែប៉ុណ្ណឹងទេ ដោយគាត់បានដាក់សំណើរទិញយក Twitter ទាំងស្រុងតែម្ដង ហើយមកទល់ពេលនេះ Twitter បានទទួលសំណើរនោះជាផ្លូវការហើយ។

មិនខុសទេ Elon Musk បានទិញ Twitter បានសម្រេចហើយ នៅក្នុងតម្លៃប្រមាណជាខ្ទង់ 44 ពាន់លានដុល្លារ ឬស្មើនឹង 54.20 ដុល្លារក្នុងមួយហ៊ុន។ ដូច្នេះហើយមានន័យថា ចាប់ពីពេលនេះទៅ Twitter នឹងក្លាយជាទៅជាក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងពេញលេញដោយលោក Elon Musk តែម្ដង មិនមានបែងចែកភាគហ៊ុនគ្នាដូចកាលពីនៅជា Public Company ទៀតទេ។

គោលដៅសំខាន់ជាងគេធ្វើឲ្យលោក Elon Musk ទិញយក Twitter ទាំងស្រុងនោះ គឺគាត់ចង់កែប្រែឲ្យបណ្ដាញសង្គមនេះ ឲ្យកាន់តែប្រសើរជាងមុន ជាពិសេសទៅលើការផ្តល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទៅកាន់អ្នកប្រើប្រាស់គ្រប់ៗគ្នា ព្រមទាំងចង់នាំយកមុខងារសំខាន់ៗទៅកាន់បណ្ដាញសង្គមមួយនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កាត់ក៏ចង់បង្កើតដំណោះស្រាយផ្សេងៗ សម្រាប់ Twitter ឲ្យក្លាយជា Open Source ដើម្បីបង្កើនការជឿជាក់ ក៏ដូចជាប្រឆាំងទៅនឹង Spam Bots ក្នុងក្នុងបណ្ដាញសង្គមមួយនេះជាដើម។