ខណៈពេលដែលព្រឹត្តិការណ៍របស់ Apple នឹងធ្វើឡើងនៅម៉ោង 1:00 នាទីយប់នេះ (ម៉ោងក្នុងប្រទេសយើង) គឺមានដំណឹងលេចធ្លាយជាច្រើនបង្ហាញទាក់ទងនឹងផលិតផលដែល Apple គ្រោងនឹងប្រកាសចេញ ដោយព្រឹកមិញយើងបានឃើញ iPhone 13 ពណ៌បៃតងថ្មី ជាមួយ iPad Air ជម្រើសពណ៌ស្វាយថ្មី ហើយពេលនេះ យើងមកមើលកុំព្យូទ័រ ជាមួយម៉ូនីទ័រថ្មីវិញម្ដង។

យោងតាមប្រភព​ AppleTrack បានឲ្យដឹងថា កុំព្យូទ័រថ្មីរបស់ Apple អាចនឹងមានឈ្មោះថា​ Mac Studio ដោយវាជាកូនកាត់ Mac Pro ជាមួយនឹង Mac Mini ជាក់ស្ដែងទំហំរបស់វា គឺអាចនឹងស្មើនឹង Mac Mini ចំនួន 2 ដាក់ត្រួតពីលើគ្នា ឬត្រូវនឹងកម្ពស់ខ្ទង់ 10cm រីឯទំហំខាងកៀនរបស់វា អាចនឹងដូចគ្នាជាមួយ Mac Mini ប្រើឈីប M1 អញ្ចឹង។

ទៅមើលម៉ូនីទ័រម៉ូឌែលថ្មីរបស់ Apple នោះវិញ នៅមិនទាន់មានអ្នកដឹងឈ្មោះច្បាស់ទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា អាចមានឈ្មោះ Studio Display តែម្ដង ដោយវាមានអេក្រង់ទំហំ 27 អ៊ីញ ជាមួយការឌីហ្សាញស្រដៀងគ្នានឹងច្រើនទៅ iMac ប្រើឈីប M1 កន្លងទៅ ប៉ុន្តែមានគែម Bezel ពណ៌ខ្មៅវិញ។

យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ នៅមិនទាន់មានដំណឹងណាមួយបង្ហាញទាក់ទងនឹងតម្លៃរបស់ Mac Studio ថ្មី ក៏ដូចជា Studio Display ថ្មីនោះនៅឡើយទេ ដូច្នេះយើងមានតែរង់ចាំមើល ការបង្ហាញចេញពីសំណាក់ Apple ផ្ទាល់នៅយប់នេះហ្នឹង​ឯង។