កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ Nintendo បានប្រកាសចេញជាផ្លូវការ ទាក់ទងនឹងសមិទ្ធិផលនៃការលក់ម៉ាស៊ីនហ្គេម Nintendo Switch របស់ខ្លួន ដោយក្នុងនោះឃើញថា មកទល់ពេលនេះគេបានលក់ Switch បានដល់ទៅខ្ទង់ 100 លានគ្រឿងហើយ ជាចំនួនលក់ដ៏លឿនបំផុតមួយ ក្នុងប្រវត្តិសាស្ត្រម៉ាស៊ីនហ្គេម។

គិតត្រឹមថ្ងៃទី 31 ខែធ្នូឆ្នាំ 2021 Nintendo បានលក់ម៉ាស៊ីនហ្គេមត្រកូល Switch របស់ខ្លួនសរុបបានដល់ទៅខ្ទង់ 103.54 លានគ្រឿងហើយ ដោយបានវ៉ាដាច់ម៉ាស៊ីនហ្គេម Wii កន្លងទៅដោយជោគជ័យ ដែលលក់បានខ្ទង់ 101.63 លានគ្រឿងក្នុងរយៈពេលមួយជីវិតពេញរបស់ម៉ាស៊ីនហ្គេមម៉ូឌែលនេះ។

ជាមួយគ្នានេះដែរ Switch ក៏ក្លាយជាម៉ាស៊ីនហ្គេម ដែលទទួលបានចំនួនលក់ដល់ទៅខ្ទង់ 100 លានគ្រឿង លឿនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រម៉ាស៊ីនហ្គេមដែរ ជាក់ស្ដែងទោះជាយកទៅប្រៀបជាមួយម៉ាស៊ីនហ្គេមរបស់ Sony ឬ Microsoft ក៏ដោយ នេះបើយើងគិតក្នុងរយៈពេលជិត 5 ឆ្នាំ ចាប់តាំងពីចេញលក់ដំបូងអំឡុងខែមីនាឆ្នាំ 2017 មក។

យ៉ាងណាក៏ដោយ បើកឆាកឆ្នាំ 2022 នេះ Switch ហាក់ដូចជាទទួលបានចំនួនលក់រហ័សគួរឲ្យចាប់អារម្មណ៍មួយ ដែលធ្វើឲ្យ Nintendo រំពឹងថា ក្នុងត្រីមាសទី 1 នេះ គេនឹងលក់ចេញ Switch បាន 23 លានគ្រឿង ប៉ុន្តែនេះជាចំនួនរំពឹង ដែលកាត់បន្ថយវិញប៉ុណ្ណោះ បន្ទាប់ពីមានមានបញ្ហាច្រើន ទៅលើការខ្វះខាតឈីប ក៏ដូចជាគ្រឿងបង្គុំផ្សេងៗ ពីក្រុមហ៊ុនផ្គត់ផ្គង់ជាដើម។