ឈីប M2 ថ្មីរបស់ Apple នៅតែបន្តប្រើប្រាស់បច្ចេកវិទ្យា 5nm Process ដូចនៅលើ M1 ដែរ ប៉ុន្តែលើកនេះជាជំនាន់ទី 2 ដែលត្រូវបានគេពង្រឹងបន្ថែមឲ្យកាន់តែប្រសើរជាងជំនាន់ទីដំបូង។ សម្រាប់ផ្នែក CPU វានៅតែមានបំពាក់មកចំនួន 8 Cores ក្នុងនោះមាន 4 ជា High-Performance Cores និង 4 ទៀតជា High-Efficiency Cores ដដែល ប៉ុន្តែលើកនេះត្រូវបានគេបង្កើន Transistor ឡើងដល់ 20 Billion (M1 មាន 16 Billion Transistor)។ ជាមួយការពង្រឹងលើចំណុចសំខាន់ៗមួយចំនួនបែបនេះ Apple អះអាងថា CPU នៅលើ M2 ថ្មី មានសតម្ថភាពប្រសើរជាង M1 ខ្ទង់ 18% ផងដែរ។

សម្រាប់ផ្នែក GPU វិញ នៅលើឈីប M2 លើកនេះ វាមានជម្រើស 8 Cores និង 10 Cores (M1 មានជម្រើស 7 Cores ឬ 8 Cores) ដូច្នេះប្រាកដណាស់ថា M2 មានសតម្ថភាព GPU ប្រសើរជាង M1 ជាក់ស្ដែងការបង្ហាញចេញពីក្រុមហ៊ុនគេផ្ទាល់គឺ ឈីបថ្មីនេះវាប្រសើរជាងមុនខ្ទង់ 25% បើគិតត្រឹមកម្រិតប្រើថាមពលដូចគ្នា។ ប៉ុន្តែបើបើកឲ្យ M2 ប្រើប្រាស់ថាមពលខ្ពស់បំផុត តាមតម្រូវការរបស់វានោះ Apple អះអាងថា វាប្រសើរជាង M1 ដល់ទៅ 35% ឯណោះ។ GPU របស់ M2 មាន L2 Cache ធំជាងមុន ដែលអាចផ្តល់ឲ្យវាមានសមត្ថភាពដល់ 3.6 Teraflops បើធៀបនឹង M1 កន្លងទៅគឺត្រឹម 2.6 Teraflops ប៉ុណ្ណោះ។ ក្រៅពី CPU និង GPU ឈីប M2 ក៏អាចគាំទ្ររ៉េមភ្ជាប់ជាមួយស្រាប់បានដល់ទំហំ 24GB និងមាន Bandwidth ដល់ទៅ 100Gbps ឯណោះ បើធៀបនឹង M1 កន្លងទៅ វាគាំទ្របានត្រឹម 16GB និងមាន Bandwidth ខ្ពស់បំផុតត្រឹម 68.25Gbps។

យ៉ាងណាភាពខុសគ្នានេះ មួយភាគធំដោយសារតែឈីប M2 បានប្រើប្រាស់រ៉េមជាប្រភេទ LPDDR5 ខណៈនៅលើ M1 កន្លងទៅវាប្រើប្រាស់ជាប្រភេទ LPDDR4X។ នៅក្នុង Media Engine ក៏ត្រូវបាន Apple ធ្វើឲ្យកាន់តែប្រសើរជាងមុនដែរ ជាក់ស្ដែង M2 អាចគាំទ្រ ProRes បានទាំងទៅលើការ Encode និង Decode វីដេអូ។ ឈីបថ្មីក៏គាំទ្រជាមួយវីដេអូ Format ប្រភេទ 8K H.264 និង HEVC បានដូចគ្នាដែរ។ បន្ថែមពីនេះ M2 ក៏ទទួលបានឈីបសុវត្ថិភាពជំនាន់ថ្មី ដែល Apple ហៅថា Secure Enclave និងបន្តបំពាក់ Neural Engine ចំនួន 16 Cores ដូច M1 ដែរ ប៉ុន្តែមានល្បឿនដំណើរការខ្ពស់ជាងមុនដោយឡើងដល់ 15.8 TOPS (Trillion Operations Per Second) ខណៈលើ M1 មានត្រឹម 11 TOPS ប៉ុណ្ណោះ ដូច្នេះឃើញថា M2 មាន Neural Engine ប្រសើរជាងមុនខ្ទង់ 40% តែម្ដង។

យ៉ាងណាក៏ដោយ ទាំងនេះជាការប្រៀបធៀប ដែលផ្អែកទៅលើការបង្ហាញរបស់ Apple ប៉ុណ្ណោះ ខណៈសមត្ថភាពប្រើប្រាស់ផ្ទាល់ជាក់ស្ដែងនោះ គឺយើងមានតែរង់ចាំមើលបន្តទៀតទាំងអស់គ្នា។