ដូចយើងបានដឹងហើយ Facebook បានដាក់គោលដៅរួមមួយរបស់ខ្លួនទៅលើការបង្កើត Metaverse ដូច្នេះហើយបានជាគេប្តូរឈ្មោះក្រុមហ៊ុនទៅជា Meta វិញ ដើម្បីឲ្យសមគ្នាជាមួយគោលដៅធំនាពេលអនាគត។ បន្ទាប់ពីបានប្តូរឈ្មោះនោះ Meta ក៏បានដាក់ចេញបណ្ដាញសង្គមសម្រាប់ VR Platform របស់គេ ដែលមានឈ្មោះថា Horizon World ឲ្យប្រើប្រាស់ជាផ្លូវការដែរ ហើយមកទល់ពេលនេះ គេទទួលបានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនមួយ។

មិនខុសទេ តាមរយៈការបង្ហាញចេញពីលោក Mark Zuckerberg ផ្ទាល់បានឲ្យដឹងថា Horizon World ដែលជាស្នូលខាងក្នុងរបស់ Metaverse នាពេលអនាគតនោះ ពេលនេះមានអ្នកប្រើប្រាស់ដល់ទៅជាង 300,000 នាក់ហើយ ដោយនេះគ្រាន់តែជាការដាក់ឲ្យប្រើប្រាស់សម្រាប់តែសហរដ្ឋអាមេរិក និងកាណាដាសិនប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា Horizon World ជាពិភពមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបង្កើតបរិស្ថានជុំវិញខ្លួនបានតាមចំណូលចិត្ត ដើម្បីធ្វើការដើរកម្សាន្ត ឬក៏លេងហ្គេមផ្សេងៗតាមរយៈតួអង្គជា Avatar។

បន្ថែមពីនេះដែរ Meta ក៏បានប្រកាសថា នៅក្នុងពេលនេះគេបានបង្កើតពិភពដាច់ដោយឡែកផ្សេងៗដល់ទៅ 10,000 ទៀត ដាក់នៅក្នុង Horizon World នោះបានសម្រេចហើយ ដើម្បីធ្វើឲ្យពិភពសិប្បនិម្មិតរបស់គេនេះ កាន់តែសម្បូរបែប។