ក្រុមហ៊ុន Sony ប្រកាសចេញ VR Headset របស់ខ្លួនជាផ្លូវការលើកដំបូងកាលពីជាង5ឆ្នាំមុន ដោយកាលនោះត្រូវបានគេហៅថា PS VR ឬ PlayStation VR ហ្នឹងឯង ។ បន្ទាប់ពី PS VR បង្ហាញខ្លួនយូរឆ្នាំហើយនោះ កាលពីអំឡុងខែកុម្ភៈឆ្នាំ 2021 កន្លងទៅ Sony បានប្រកាសថា គេកំពុងតែធ្វើការទៅលើ PS VR ជំនាន់ថ្មី ក្រោយមកក្នុងខែមីនាគេបានបង្ហាញឲ្យឃើញនូវដៃបញ្ជាសម្រាប់ VR Headset នោះ រហូតមកដល់ខែមករាឆ្នាំ 2022 នេះ ទើប Sony ដាច់ចិត្តប្រាប់ថា VR Headset ជំនាន់ថ្មីរបស់គេ នឹងមានឈ្មោះថា PlayStation VR2 ឬ PS VR 2។

បន្ទាប់ពីបង្ហាញពីឈ្មោះបានជាងមួយខែ ពេលនេះ Sony សម្រេចចិត្តប្រកាសបង្ហាញពីការឌីហ្សាញរបស់ PlayStation VR 2 ជាផ្លូវការហើយ ដោយយើងឃើញថា វាទទួលបានការកែប្រែរូបរាងខាងក្រៅ ប្លែកពីមុនច្រើនគួរសមដែរ ព្រមទាំងមានការប្រើប្រាស់ពណ៌ដូច PlayStation 5 តែម្ដង ជាក់ស្ដែងគឺមានពណ៌សលាយខ្មៅនោះឯង។ ជាមួយគ្នានេះដែរ PS VR2 ក៏បាននាំយកមកនូវការពង្រឹងបន្ថែមលើមុខងារសំខាន់ៗមួយចំនួនរួមបញ្ចូលទាំង Lens Adjustment Dial ជាមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការកំណត់ចម្ងាយរវាងលេន និងភ្នែករបស់ពួកគេបាន ដើម្បីជំនួយទៅដល់ការមើលទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ លើកនេះ Sony ក៏បានកាត់បន្ថយទម្ងន់របស់ PS VR2 ឲ្យស្រាលជាងមុនបន្តិចដូចគ្នា បើទោះជាមានដាក់បន្ថែមមុខងារច្រើនជាងមុនក៏ដោយ ហើយចំណុចសំខាន់មួយទៀត គឺគេបានឌីហ្សាញប្រព័ន្ធខ្យល់ថ្មី ដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ ដើម្បីការពារកុំឲ្យលេនរបស់ PS VR2 ស្រអាប់ពេលកំពុងប្រើប្រាស់។

PS VR2 លើកនេះក៏គាំទ្រជាមួយបច្ចេកវិទ្យារំញ័រ Haptic Feedback, មុខងារ Eye Tracking, គាំទ្រកម្រិតបង្ហាញ 4K HDR, 90/120Hz Frame Rate និងមានមុំបង្ហាញ (Field of View) 110 ដឺក្រេជាដើម។ បន្ថែមពីនេះ ឧបករណ៍ VR ជំនាន់ថ្មីរបស់ Sony អាចធ្វើការភ្ជាប់ទៅកាន់ PS5 ដោយត្រូវការតែឌុយ USB-C មួយប៉ុណ្ណោះ។

អញ្ចឹងហើយ ទាំងនេះជាចំណុចសំខាន់ៗ ដែល Sony បានបង្ហាញឲ្យយើងដឹងត្រឹមពេលបច្ចុប្បន្ន ជាក់ស្ដែងគឺនៅសល់ចំណុចជាច្រើនទៀតដែលគេមិនទាន់ប្រាប់ ជាក់ស្ដែងដូចជាពេលវេលាចេញលក់ ឬតម្លៃជាដើម ដូច្នេះអ្វីដែលយើងអាចធ្វើបាន គឺមានតែរង់ចាំមើលការបង្ហាញរបស់ក្រុមហ៊ុនជប៉ុននេះបន្តទៀតហ្នឹងឯង។