June 10, 2022
#PC News
ទាំងនេះជាអ្វីដែលរំពឹងថាចេញក្នុងព្រឹត្តិការណ៍ WWDC 2022 របស់ Apple ចាប់ផ្តើមពីយប់នេះ
ព្រឹត្តិការណ៍ WWDC ប្រចាំឆ្នាំរបស់ Apple នឹងចាប់ផ្តើមធ្វើឡើងពីម៉ោង 12 យប់នេះទៅ គិតក្នុងប្រទេសយើង រហូតដល់ថ្ងៃទី 10 ខែមិថុនាខាងមុខ ហើយនៅក្នុងព្រឹត្តិការណ៍នោះ គឺមានភាគរយដែលគេនឹងប្រកាសចេញ Software សំខាន់ថ្មីៗជាច្រើន បូករួមទាំងអាចនឹងមាន Hardware មួយចំនួនផងដែរ។
ដូច្នេះក្នុងអត្ថបទនេះ យើងនឹងទៅមើលទាំងអស់គ្នាពីអ្វីដែល Apple អាចនឹងប្រកាសចេញក្នុងព្រឹត្តិការណ៍ WWDC 2022៖
+ Software:
- iOS 16៖ អាចមិនខុសពីរាល់ឆ្នាំទេ iOS ជំនាន់ថ្មី គឺមានសង្ឃឹមខ្ពស់ថា នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ WWDC 2022 ហើយទន្ទឹមគ្នានេះដែរ ក៏មានការរំពឹងថា វាអាចនឹងទទួលបានការកែប្រែឲ្យប្លែកជាងមុន ទៅលើ Lock Screen, ពង្រឹងបន្ថែមលើ Notifications, មានការកែប្រែថ្មីទៅលើកម្មវិធីដើមរបស់ Apple ក៏ដូចជាអាចនឹងមានមុខងារថ្មីមួយចំនួន ដែលគេធ្វើឡើងមកទុកសម្រាប់ iPhone 14 Pro អាចរួមមានទាំងមុខងារ Always-on Display ផងដែរ។
- iPadOS 16៖ ត្រូវបានគេរំពឹងថា នឹងត្រូវ Apple កែប្រែច្រើនទៅលើរបៀបប្រើប្រាស់ ជាក់ស្ដែងលើកនេះ វាអាចនឹងស្រដៀងគ្នាច្រើនទៅនឹងការប្រើប្រាស់ macOS ជាង iOS វិញ។
- macOS 13៖ ក៏មានភាគរយខ្ពស់ក្នុងការបង្ហាញខ្លួនដូចគ្នា ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់ដំណឹងច្រើន ដែលដឹងពីការកែប្រែលើជំនាន់ថ្មីនេះទេ ជាក់ស្ដែងអ្វីដែលបានឮច្រើនគឺថា អាចនឹងត្រូវ Apple កែប្រែថ្មីច្រើន ទៅលើកម្មវិធីដើមរបស់ខ្លួន។
- ក្រៅពីនេះ watchOS 9 ក៏ដូចជា tvOS 16 ជាដើមនោះ សុទ្ធតែមានសង្ឃឹមខ្ពស់ថា នឹងចេញក្នុងព្រឹត្តិការណ៍របស់ Apple គ្រាន់តែវាអាចនឹងមិនសូវមានការកែប្រែច្រើន ខុសពីជំនាន់មុនប៉ុន្មាននោះទេ។
+ Hardware:
- MacBook Air៖ នេះជាផ្នែក Hardware ដែលមានភាគរយខ្ពស់បំផុត ក្នុងការបង្ហាញវត្តមានក្នុង WWDC 2022 ហើយបើតាមដំណឹងបែកធ្លាយកន្លងមក ក៏ដូចជាដំណឹងថ្មីៗកន្លងទៅ MacBook Air អាចនឹងទទួលបានការឌីហ្សាញថ្មីទាំងស្រុង ដោយលើកនេះអាចនឹងកាត់ទៅរក MacBook Pro 14 អ៊ីញច្រើន ហើយវាក៏អាចទទួលបានរន្ធសាកថ្ម MagSafe មកដែរ។
- Mac Pro៖ បើអ្នកទាំងអស់គ្នាមិនទាន់ភ្លេចទេ គឺកាលពីព្រឹត្តិការណ៍ក្នុងខែមីនាកន្លងទៅ Apple បានបញ្ជាក់យ៉ាងច្បាស់ថា ការប្តូរមកប្រើឈីបផ្ទាល់ខ្លួនលើខ្សែស្រឡាយកុំព្យូទ័រ Mac របស់គេពី Intel ជិតបានពេញលេញទាំងស្រុងហើយ ជាក់ស្ដែងគឺនៅសល់តែ Mac Pro មួយទៀតប៉ុណ្ណោះ ដូច្នេះហើយការដាក់បង្ហាញ Mac Pro ក្នុងព្រឹត្តិការណ៍ WWDC ក៏ជារឿងដែលអាចទៅរួចដែរ។
- ក្រៅពីនេះក៏ធ្លាប់មានដំណឹងបង្ហាញពីលទ្ធភាព ដែលឧបករណ៍ AR និង VR របស់ Apple ចេញមកដែរ ប៉ុន្តែបើតាមដំណឹងចុងក្រោយ គឺហាក់ដូចជាមានភាគរយមិនច្រើនទេក្នុងព្រឹត្តិការណ៍ WWDC នេះ ដោយ Apple អាចនឹងលើកទៅប្រកាសចេញក្នុងឆ្នាំក្រោយវិញ។
យ៉ាងណាក៏ដោយ ដើម្បីជាក់ច្បាស់ពីផលិតផលខាងលើ ក៏ដូចជាផលិតផ្សេងៗទៀតអាចនឹងចេញនោះ គឺយើងមានតែរង់ចាំមើលព្រឹត្តិការណ៍របស់ Apple ទាំងអស់គ្នាបន្តទៀត ដោយនឹងចាប់ផ្តើមពីយប់នេះទៅតែម្ដង។