មួយរយៈចុងក្រោយ រូបរាងឌីហ្សាញនៃកាសក្តោបឥតខ្សែរបស់ Sony បានបែកធ្លាយយ៉ាងច្រើន ដោយត្រូវបានគេរំពឹងខ្ពស់ថា ជាម៉ូឌែលកំពូល WF-1000XM5 បន្តតំណែងពី WF-1000XM4 បច្ចុប្បន្ននេះនោះឯង។ ដោយឡែកនៅក្នុងពេលថ្មីៗនេះវិញ Sony ផ្ទាល់ បានបញ្ជាក់ពីពេលវេលាប្រកាសចេញហើយ។

មិនខុសទេ យោងតាមការបង្ហាញរូបភាព Poster ចេញពីគណនី Twitter របស់ Sony ប្រចាំប្រទេសអង់គ្លេសបានឲ្យដឹងថា គេមានគម្រោងប្រកាសចេញផលិតផលថ្មីៗ នៅក្នុងថ្ងៃទី 12 ខែឧសភានេះ ហើយបើតាមរូបភាពនោះ យើងអាចរំពឹងខ្ពស់បានថា នឹងមានប្រកាសចេញកាសក្តោបលំដាប់កំពូល WF-1000XM5 ថ្មីមកដែរ។

តាមរយៈរូបភាពបែកធ្លាយកន្លងមក កាសជំនាន់ថ្មីនេះ អាចនឹងទទួលបានការឌីហ្សាញថ្មីទាំងស្រុងតែម្ដង សម្រាប់រូបរាងខាងក្រៅ ជាក់ស្ដែងលើកនេះវាមើលទៅកាន់តែលាតស្រឡះស្អាតជាងមុនថែមទៀត។

កាសថ្មីនេះត្រូវបានគេរំពឹងខ្ពស់ថា នឹងទទួលបានការពង្រឹងបន្ថែម ឲ្យកាន់តែប្រសើរទៅលើប្រព័ន្ធសម្លេង ជាពិសេសមុខងារទប់សម្លេងរំខានពីខាងក្រៅ។ សម្រាប់តម្លៃក៏មានគេដឹងដែរ ជាក់ស្ដែងលើកនេះអាចនឹងឡើងទៅដល់ 399 ដុល្លារតែម្ដង ឃើញថាកាន់តែថ្លៃជាងជំនាន់ WF-1000XM4 ទៅទៀត ដោយកំពុងត្រូវបានគេដាក់លក់ខ្ទង់ 349 ដុល្លារ។