ថ្មីៗនេះ មានរបាយការណ៍មកថាក្រុមហ៊ុន Meta ដែលជាអាណាព្យាបាលរបស់ Facebook ក៏ដូចជា Instagram ជាដើមនោះ បានសម្ងំបង្កើតរូបិយប័ណ្ណបែប Digital ថ្មីមួយទៀត ត្រូវបានគេហៅថា Zuck Bucks។

ឈ្មោះ Zuck Bucks នេះ ទំនងជាសំដៅលើស្ថាបនិក និង CEO របស់​ Meta លោក​ Mark Zuckerberg នោះឯង ហើយវាអាចមិនមែនជារូបិយប័ណ្ណបែបឌីជីថលប្រភេទ Cryptocurrency ទេ។ ផ្ទុយទៅវិញលុយបែបឌីជីថលនេះ អាចនឹងជាប្រភេទលុយបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្សេងៗរបស់ Meta ហើយត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគេផ្ទាល់តែម្ដង។ ឧទាហរណ៍ជាក់ស្ដែង គឺវាអាចស្រដៀងគ្នាទៅនឹងរូបិយប័ណ្ណ ដែលប្រើប្រាស់នៅក្នុងកម្មវិធីហ្គេមមួយចំនួនអញ្ចឹងដែរ ជាក់ស្ដែងដូចជា រូបិយប័ណ្ណ Robux នៅក្នុងហ្គេម Roblox ជាដើម។

ចំណុចគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹង Zuck Bucks គឺឃើញថា សូម្បីតែស្ថាបនិករបស់ Twitter លោក Jack Dorsey ក៏គាំទ្រគំនិតនេះដូចគ្នា ហើយគាត់ចង់ឃើញដំណឹងខាងលើនេះក្លាយជាការពិតទៀតផង។

គួរបញ្ជាក់ដែរថា Meta នៅតែយកចិត្តទុកដាក់ ក៏ដូចជាមានចំណាប់អារម្មណ៍ទៅលើផលិតផលទាក់ទងនឹង Blockchain ដដែល ហើយកាលពីអំឡុងខែមីនាកន្លងទៅ ក្រុមហ៊ុននេះធ្លាប់បានប្រកាសប្រាប់ថា មានគម្រោងនាំយក NFT មកកាន់បណ្ដាញសង្គម Facebook នាពេលអនាគតខាងមុខ។