ROG ជាយីហោកុំព្យូទ័រហ្គេមដ៏មានប្រជាប្រិយភាពរបស់ ASUS ហើយថ្មីៗនេះ គេទើបនាំយកកុំព្យូទ័រហ្គេមម៉ូឌែល ROG Strix G17 ម៉ូឌែលថ្មីមកកាន់ទីផ្សារយើងជាផ្លូវការ បំពាក់ជាមួយនឹងលក្ខណៈសម្បត្តិជំនាន់ថ្មីៗចុងក្រោយផងដែរ។

Strix G17 ជំនាន់ថ្មីមានជម្រើស CPU ខ្ពស់បំផុតដល់ទៅ Ryzen 9 6800HX របស់ AMD ទៀតផង ខណៈផ្នែក GPU វិញ វាមានប្រើប្រាស់ជាប្រភេទ NVIDIA GeForce RTX 3060 ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ ASUS ក៏បានពង្រឹងបន្ថែម ផ្នែកប្រព័ន្ធបន្ថយកម្តៅនៅលើ Strix G17 ជំនាន់ថ្មី ឲ្យកាន់តែប្រសើរជាងមុន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Thermal Grizzly និងដំណោះស្រាយថ្មី Conductonaut Extreme ផងដែរ។ ជាមួយប្រព័ន្ធបន្ថយកម្តៅប្រសើរជាងមុន វាផ្តល់ឲ្យ Strix G17 អាចដំណើរការបានក្នុងសមត្ថភាពខ្ពស់ និងមានស្ថេរភាពជាងមុន ព្រមទាំងជួយកាត់បន្ថយសម្លេងរំខានចេញពីកង្ហារបានមួយកម្រិត។

ទន្ទឹមគ្នានឹងការបំពាក់កម្លាំងម៉ាស៊ីន ក៏ដូចជាប្រព័ន្ធបន្ថយកម្តៅកាន់តែប្រសើរជាងមុន ASUS ក៏បានបន្តយកចិត្តទុកដាក់ទៅលើផ្នែកអេក្រង់ នៅក្នុងកុំព្យូទ័រហ្គេមត្រកូល ROG Strix របស់ខ្លួនដែរ ជាក់ស្ដែងសម្រាប់ម៉ូឌែល Strix SCAR 17 ត្រូវបានគេបំពាក់មកជាមួយអេក្រង់ 1080p ដែលមានល្បឿន Refresh Rate ដល់ 360Hz ជាមួយកម្រិត Respond Time ទាប​ត្រឹមតែ 3ms ប៉ុណ្ណោះ។ អេក្រង់នេះក៏គាំទ្របច្ចេកវិទ្យា Dolby Vision HDR និង Adaptive-Sync ដូចគ្នា។

ROG Strix ស៊េរីឆ្នាំ 2022 ក៏មានគាំទ្រ Dolby Atmos និង Hi-Res Audio សម្រាប់កាស ដើម្បីផ្តល់ឲ្យអ្នកលេងហ្គេម នូវបទពិសោធន៍សម្លេងកាន់តែប្រសើរ។ ASUS ក៏បានបំពាក់ផត​ I/O មកសម្បូរបែបដែរ ដែលរួមមានទាំងដាក់បន្ថែមរន្ធ USB-C និងដាក់ឲ្យគាំទ្រ Thunderbolt 4 សម្រាប់ម៉ូឌែល Strix SCAR។

នៅក្នុងពេលនេះ ROG Strix G17 បានបង្ហាញខ្លួនក្នុងប្រទេសយើងហើយ និងត្រូវបានដាក់លក់ចាប់ផ្តើមពី 1,649 ដុល្លារឡើងទៅ នៅតាមបណ្ដាហាងចែកចាយរបស់ ASUS នានា។