ថ្មីៗនេះ Apple បានប្រកាសជាផ្លូវការហើយថា ពួកគេឈប់ផលិត iPod Touch តទៅទៀតហើយ ដែលជាម៉ូឌែល iPod តែមួយគត់កំពុងមានលើទីផ្សារសព្វថ្ងៃ។ ដូច្នេះហើយមានន័យថា គេសម្រេចបញ្ចប់ជីវិត iPod ទាំងស្រុងត្រឹម iPod Touch ចុងក្រោយហ្នឹងហើយ។

យ៉ាងណាក៏ដោយ Apple នឹងនៅបន្តលក់ iPod Touch ដែលបានផលិតរួចរាល់ហើយដដែល រហូតទាល់តែអស់ពីស្ដុក។ ក្រុមហ៊ុនយក្សនេះបានបញ្ជាក់ប្រាប់ថា បើទោះជាគេបញ្ចប់ជីវិត iPod ត្រឹមនឹងមែន ប៉ុន្តែព្រលឹងរបស់ iPod នឹងនៅបន្តរស់នៅក្នុងផលិតផលរបស់គេ ដែលអាចចាក់ចម្រៀងបានទាំងអស់ ក្នុងនោះរួមមានទាំង iPhone, iPad ក៏ដូចជា HomePod Mini ជាដើម។

គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះអាយុកាលរបស់ iPod គឺជាង 20 ឆ្នាំហើយ ដោយចាប់តាំងពីជំនាន់ដំបូង រហូតមកទល់ឆ្នាំ 2017 នោះ iPod ផលិតឡើងសម្រាប់តែការចាក់តន្ត្រីប៉ុណ្ណោះ រហូតពេលបញ្ចេញវត្តមាន iPod Touch ចេញមក ទើប Apple រកឃើញថា អ្នកប្រើប្រាស់ជាច្រើនចង់បានបទពិសោធន៍ប្រើប្រាស់ដូច iPhone ប៉ុន្តែមិនចង់បានទូរសព្ទ អញ្ចឹងហើយបានជាគេបន្តបញ្ចេញ iPod Touch រហូតមកដល់សព្វថ្ងៃនេះ។